រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យ តំណាងក្រុមអ្នកវិនិយោគមកពីម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នាថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ លោក យ៉ុង ជីងសាន តំណាងក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍លោក យ៉ុង ជីងសាន និងក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ និងស្វែងយល់ពីសភាពការណ៍ពិតពីនយោបាយ សង្គម និងសេដ្ឋកិច្ច បទដ្ឋានគតិយុត្ត យន្តការលើកទឹកចិត្តននានារបស់រាជរដ្ឋាភិបាល ព្រមទាំងឱកាសវិនិយោគ សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប លោកតំណាងក្រុមអ្នកវិនិយោគ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក និងក្រុមការងារ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីផែនការវិនិយោគ និងដៃគូវិនិយោគដែលជាក្រុមហ៊ុននានាពីប្រទេសអង់គ្លេស ក្រិក ម៉ាឡេស៊ី និងហូឡង់ឈ្មោះថា Meijer Realty Partners “MRP” ដែលបានវិវត្តពីក្រុមហ៊ុនគ្រួសារ Meijer Family Heritage បង្កើតឡើងតាំងពីកំឡុងឆ្នាំ១៩០០ ក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំឈានមុខគេនៅប្រទេសហូឡង់នាឆ្នាំ២០១៣ ហើយបានពង្រីកអាជីវកម្មរបស់ខ្លួនពេញទ្វីបអឺរ៉ុបជាពិសេសភាពជោគជ័យក្នុងប្រទេសក្រិកនាឆ្នាំ២០២១ ថ្មីៗនេះ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការមកជួបសម្ដែងការគួរសម និងជូនពរលោក និងអ្នកវិនិយោគ ទាំងអស់មានសុខភាពល្អ និងជោគជ័យក្នុងការប្រកបធុរកិច្ចដែលនឹងចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគបរទេសដោយផ្ទាល់ឱ្យមានកាន់តែច្រើន ៕