ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនប្រជាពលរដ្ឋទីទ័លលំបាកខ្លាំងចំនួន ២គ្រួសារ រស់នៅក្នុងឃុំកោះសូទិន
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជាខេត្ត អមដោយថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អាជ្ញាធរមូលដ្ឋាន និងការនិមន្តចូលរួមពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះនាគមុនីមេគណខេត្តកំពង់ចាម ព្រមទាំងព្រះមន្រ្តីសង្ឃ បានអញ្ជើញចូលរួមប្រគល់ផ្ទះមនុស្សធម៌ បន្ទាប់ទី២០ និងទី២១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានសហការរៀបចំឡើងដោយសាខាកាកបាទក្រហមខេត្ត និងសាលាគណខេត្តកំកំពង់ចាម ជូនប្រជាពលរដ្ឋទីទ័លលំបាកខ្លាំងចំនួន ២គ្រួសារ រស់នៅក្នុងឃុំកោះសទូិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មការសាខា ក៏បានពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់គ្រួសារដែលចូលរួមធ្វើជាសាក្សីចំនួន២៦ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានឃីត ១កញ្ចប់ និងថវិកាមួយចំនួន ៕