ឯកឧត្តម ហ៊ុន ម៉ានី៖ ពិព័រណ៍ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ រៀបចំឡើងក្នុងគោលបំណង បណ្តុះផ្នត់គំនិតដល់ពលរដ្ឋឱ្យស្រលាញ់ដើមឈើ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការប្រារព្ធពិធី ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និង វេទិកាកេសរកូលជាតិលើកទី៤ នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលក្រសួងបរិស្ថាន ក្នុងអាណត្តិនៃរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំឡើងក្នុងគោលបំណង បណ្តុះផ្នត់គំនិតដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឱ្យស្រលាញ់ដើមឈើ តាមរយៈ ការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ រុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា និង ការចូលរួមដោយផ្ទាល់ក្នុងការដាំដើមឈើ និងការដាំស្តារព្រៃឈើនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញបើកព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤” នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ដូចដែល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្អូនៗយុវជន និងក្មួយៗសិស្សានុសិស្សទាំងអស់ បានយល់ហើយថា ព្រៃឈើគឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី ដែលមានគុណតម្លៃវិសេសវិសាលណាស់ សម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ឯកឧត្ដមរដ្ឋមន្ត្រីថ្លែងថា ព្រៃឈើ មិនត្រឹមតែផ្តល់នូវសម្រស់ដ៏ស្រស់ត្រកាលសម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនានិងលំហែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត ដូចជា ការការពារ ពីការហូរច្រោះដី ការការពារខ្យល់ព្យុះនិងខ្យល់កន្តាក់ ការនាំមកនូវទឹកភ្លៀងសមស្រប ការរក្សាប្រភពទឹកក្រោមដី ការបន្សុទ្ធខ្យល់ឱ្យល្អបរិសុទ្ធ ការកាត់បន្ថយភាពក្តៅ ជាទីជម្រកសត្វព្រៃគ្រប់ប្រភេទ និង ជាពិសេស ជាលំនៅដ្ឋាន និងទីអាស្រ័យផលរបស់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់មានព្រៃឈើ។ លើសពីនេះទៀត ព្រៃឈើក៏មានតួនាទី ចូលរួមកាត់បន្ថយហានិភ័យដែលបណ្តាលមកពីគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដែលពិភពលោក កំពុងតែប្រឈមនិងមានការព្រួយបារម្ភយ៉ាងខ្លាំង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការតាំងពិព័រណ៍និងចែកកូនឈើ ជូនដល់សារធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំង ផ្ទាល់ខ្លួន នាពេលនេះ គឺជាការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០% នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សំដៅ ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដោយឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបន្ថែមថា ជាពិសេស ព្រឹត្តិការណ៍នេះជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសាស្រ្តបានរៀបចំឡើង ដោយអនុលោមតាម យុទ្ធសាស្រ្តបញ្ចកោណ សំដៅតម្រង់ទិសនិងចង្អុលបង្ហាញអាទិភាពការងារក្នុង ការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន៍ដោយចីរភាព សំដៅឆ្ពោះទៅសម្រចការអភិវឌ្ឍន៍ប្រកបដោយអព្យាក្រឹត កាបូន នៅត្រឹមឆ្នាំ២០៥០ ៕