គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី អញ្ជើញដល់ប្រទេសថៃដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសមភាគីម្ចាស់ផ្ទះ
ភ្នំពេញ៖ នៅពេលអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋសភាថៃដឹកនាំដោយ ឯកឧត្តម ភិជិត ឈួមួងផាន់ ( Pichet Chuamuangphan) អនុប្រធានទី២ នៃសភាតំណាងរាស្រ្តថៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត។
ជាមួយគ្នានោះ ក៏មានវត្តមានឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងមន្រ្តីស្ថានទូតជាច្រើនរូបទៀតផងដែរ។
នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសថៃ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយថែមទៀត។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរក៏នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) រវាងរដ្ឋសភានៃប្រទេសទាំងពីរ កម្ពុជា-ថៃ សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីដើម្បីនាំមកនូវផលប្រយោជន៍ ជូនប្រទេសនិងប្រជាជនទំាងសងខាង៕