ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញបើកកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះបានបន្តដឹកនាំដោយ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាពការងារ និងបច្ចុប្បន្នភាពនៃកិច្ចការអាស៊ាន នៅក្រោមសសរស្តម្ភសហគមន៍អាស៊ាននីមួយៗ ក្នុងការត្រៀមគោលជំហររួមរបស់កម្ពុជា និងការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅប្រទេសឡាវ ៕