រដ្ឋមន្ត្រីអប់រំ ចែករំលែកបទពិសោធន៍សិក្សាដល់និស្សិតកម្ពុជា ដើម្បីជាតម្រាយផ្លូវឱ្យមានកម្លាំងចិត្តជំនះរាល់ឧបសគ្គ ក្នុងដំណើរសិក្សា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា នៃសាកលវិទ្យាល័យជុឡាឡុងកន ដែលមានចំនួនសរុបប្រមាណ ២០នាក់។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សាកន្លងមក និងបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់បន្តការសិក្សាបន្ថែម ជាពិសេសឈានទៅដល់ថ្នាក់បណ្ឌិត ក្លាយជាធនធានមនុស្ស អាចជួយលើការងារទាំងវិស័យរដ្ឋ និងវិស័យឯកជន។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវបទពិសោធន៍សិក្សារបស់ខ្លួន ជាពិសេសនៅសហព័ន្ធរូស្ស៊ីជូនទៅនិស្សិត ដើម្បីជាតម្រាយផ្លូវសម្រាប់និស្សិត ឱ្យមានកម្លាំងចិត្តជំនះរាល់ឧបសគ្គក្នុងដំណើរសិក្សារបស់និស្សិតគ្រប់រូប៕