ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់ឯកឧត្ដមប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមអញ្ជើញមកកាន់វិមានរដ្ឋសភា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ នៅក្នុងការត្រៀមលក្ខណៈសម្រាប់ការទទួលបដិសណ្ឋារកិច្ច ឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនឹងអញ្ជើញមកកាន់វិមានរដ្ឋសភា ដើម្បីជួបធ្វើសវនាការជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដែលឯកឧត្ដមអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី បានមានប្រសាសន៍ណែនាំឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំការងារទទួលបដិសណ្ឋារកិច្ចឯកឧត្ដមប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យបានល្អប្រសើរ ដើម្បីជាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកិត្តិយសរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
សូមជម្រាបថា ឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដម តូ ឡឹម នឹងអញ្ជើញមកកាន់វិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីជួបធ្វើសវនាការជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕