សម្តេចធិបតី៖ វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងកម្ពុជាយើង និងនៅក្នុងពិភពលោក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិស័យកីឡា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងកម្ពុជាយើង និងនៅក្នុងពិភពលោក ខណៈដែលកីឡានៅកម្ពុជាយើងទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយកីឡាមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
ក្នុងឱកាសអញ្ជើញបើកជាផ្លូវការ ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កីឡាមិនមែនត្រឹមតែជាការប្រកួតមួយប៉ុណ្ណោះទេ តែក៏ជាឱកាសនៃការផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ និងសង្គមសេដ្ឋកិច្ច ព្រមទាំងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ។
សម្ដេចធិបតី បានបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៤ កម្ពុជាយើងនឹងមានរៀបចំការប្រកួតក្បាច់គុនចម្រុះដោយខ្លួនឯង ប្រៀបដូចនឹងការប្រកួត MMA ផងដែរ នៅកម្ពុជាផ្ទាល់តែម្ដង ដើម្បីកូនខ្មែរអាចបង្ហាញក្បាច់គុនខ្មែរគ្រប់ទម្រង់របស់គុនខ្មែរតែម្ដង ដោយឡែក បណ្ដាប្រទេសនានាក៏អាចចូលរួមប្រកួតនេះបានផងដែរ ៕