នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ កម្ពុជានឹងមានរៀបចំការប្រកួតក្បាច់គុនចម្រុះដោយខ្លួនឯង
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ កម្ពុជាយើងនឹងមានរៀបចំការប្រកួតក្បាច់គុនចម្រុះដោយខ្លួនឯង ប្រៀបដូចនឹងការប្រកួត MMA ផងដែរ នៅកម្ពុជាផ្ទាល់តែម្ដង ដើម្បីកូនខ្មែរអាចបង្ហាញក្បាច់គុនខ្មែរគ្រប់ទម្រង់របស់គុនខ្មែរតែម្ដង ដោយឡែក បណ្ដាប្រទេសនានាក៏អាចចូលរួមប្រកួតនេះបានផងដែរ។
ក្នុងឱកាសអញ្ជើញបើកជាផ្លូវការ ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានៅមានយុទ្ធគុនខ្មែរបុរាណសម្បូរបែបច្រើនប្រភេទ ច្រើនទម្រង់ និងច្រើនមេគុន ដែលសម្តេចបានផ្ដើម និងផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ចាប់ពីខែតុលា ឆ្នាំ ២០២៤ តទៅ ដោយបើកចំហយ៉ាងទូលំទូលាយដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ, គ្រប់ទម្រង់, គ្រប់ក្បាច់គុន និងគ្រប់ទិសទី អាចមកចូលរួមប្រកួត បានទាំងមហាជន, ទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺទាំងសញ្ញាតិខ្មែរ និងបរទេស អាចចូលរួម ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ បានទាំងអស់គ្នា។
សម្តេចធិបតី ក៏បានអំពាវនាវដល់អ្នកស្នេហាក្បាច់គុណ ឱ្យដាក់ពាក្យចូលរួមប្រកួត ដោយរាល់ខែតុលា រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះទៅ កម្ពុជានឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់ ៕