ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម និងលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានដែលពាក់ព័ន្ធផងដែរ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលមាត្រាមួយចំនួននៃសេចក្តីព្រាងអនុក្រឹត្យនេះឱ្យមានសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ។
គួរបញ្ជាក់ផងដែរថា អនុក្រឹត្យនេះមានគោលបំណង ដើម្បីកំណត់យន្តការ និងវិធានការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ផ្តល់ភាពស្របច្បាប់ដល់ពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យនៅតាមដីចំណីផ្លូវដែក និងស្តង់ដារបច្ចេកទេសសមស្របសម្រាប់ប្រព័ន្ធការពារផ្លូវដែក ជាពិសេសរួមចំណែកទប់ស្កាត់ឧបទ្ទវហេតុគ្រោះថ្នាក់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍តាមផ្លូវដែក ៕