រដ្ឋសភាកម្ពុជានិងថៃ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត
ភ្នំពេញ៖ ជាលទ្ធផលសំខាន់មួយ នៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅប្រទេសថៃគឺ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភាប្រទេសថៃ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទំាងពីរ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភាថៃ។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង លើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្នាកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង តាមរយៈសកម្មភាពការទូតសភា។ នៅក្នុងនោះរដ្ឋសភា ទាំងពីរ នឹងគាំទ្រគ្នា ចូលរួម និងផ្លាស់ប្តូរព័ត៌មាន ការអនុវត្តល្អៗ ក៏ដូចជា ប្រភពធនធានពាក់ព័ន្ធក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលនឹងរួមចំណែកដល់ការសម្រេចបាននូវសន្តិភាព វិបុលភាព និងការជឿនលឿនទៅមុខ នៃអង្គការសភារបស់ភាគីទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកទាំងនៅវេទិកាតំបន់ និងអន្តរជាតិ។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានកំណត់នូវកម្មវិធីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគណៈប្រតិភូ ៤កម្រិតរួមមាន៖ កម្រិតថ្នាក់ដឹកនាំរដ្ឋសភា កម្រិតគណៈកម្មាធិការ/គណៈកម្មការជំនាញ នៃរដ្ឋសភា កម្រិតក្រុម មិត្តភាពសភា និងកម្រិតមន្ត្រីជាន់ខ្ពស់ និងកម្រិតលេខាធិការដ្ឋាន/អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាទាំងពីរ និង រៀបចំគម្រោងពិសេសនានា ដូចជា ការរៀបចំសិក្ខាសាលា ព្រឹត្តិការណ៍វប្បធម៌ និងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត ដើម្បី អនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ ហើយការរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការ ឬសកម្មភាពនានានឹងត្រូវផ្តួចផ្តើម ធ្វើឡើងដោយផ្អែកតាមការឯកភាពគ្នាទៅវិញទៅមករបស់ភាគីទាំងពីរ។ តមកទៀត ប្រធានរដ្ឋសភានៃប្រទេសទំាងពីរបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាថៃ ផងដែរ។
អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ មានគោលបំណងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ ក៏ដូចជាជួយគាំទ្រអនុស្សារណៈ នៃការយោគយល់គ្នា នៃរដ្ឋសភាទាំងពីរ។
ក្នុងគោលការណ៍ទូទៅ និងការអនុវត្តនៃអនុស្សរណៈនៃការយោគយល់គ្នានេះ បានចែងអំពីការជំរុញ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងមន្ត្រីសភា ទាំងក្នុងកម្រិតរដ្ឋសភា និងកម្រិតលេខាធិការដ្ឋាន ក្នុងគោលបំណងចែករំលែកលើបញ្ហាមួយចំនួនដូចជា ការចូលរួមជាសាធារណៈក្នុងការងារសភា ការអនុវត្តល្អៗ និងវិស័យជាច្រើនទៀត ដែលជាផលប្រយោជន៍រួម៕