អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំ ស្តីពីការចលនាកៀរគរថវិកា ពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំ ស្តីពីការចលនាកៀរគរថវិកា ពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដែលកំពុងជួបកង្វះខាត ក្នុងការពិនិត្យ និងព្យាបាលជំងឺកុមារទូទៅ។
ឯកឧត្តម ខូយ រីដា បានថ្លែងថា យុទ្ធនាការស្វែងរកមូលនិធិ សម្រាប់ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដែលកន្លងមកនេះតាមបណ្តាខេត្តមួយចំនួនបានអនុវត្តរួចមកហើយ នៅឡើយតែខេត្តពោធិ៍សាត់យើង ទើបពេលនេះក្នុងនាមរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងចលនាកៀរគរថវិកា នៅតាមមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង និងសប្បុរសដែលមានធនធានទៅតាមលទ្ធភាព។ តាមរយៈនៃការកៀរគរ ស្វែងរកថវិកានេះ លោកបានគិតរួចមកហើយថា យ៉ាងតិចខេត្តពោធិ៍សាត់ នឹងស្វែងរកថវិកាចូលរួម ឱ្យបាន១០០លានរៀល ជាជំហានទី១ នៅក្នុងជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងរដ្ឋបាលស្រុកក្រុងទាំង៧។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ឆ្លងតាមការពិភាក្សា និងការអំពាវនាវ ឃើញថានាពេលនេះ មានសមាជិក សមាជិកាអង្គប្រជុំ បានយល់ព្រមឯកភាពស្ម័គ្រចិត្ត ដោយកៀរគរថវិកាបានប្រមាណជិត១០០លានរៀលហើយ គឺមន្ទីរអង្គភាពនីមួយៗ ចាប់១លាន ទៅ៣លានរៀល។
ឯកឧត្តមអភិបាលខេត្ត បានបានសម្តែងអំពីទឹកចិត្តដ៏សប្បុរសធម៌យ៉ាងទូលំទូលាយ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការយើងគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏សូមឱ្យនាយករដ្ឋបាលសាលាខេត្ត ត្រូវបន្តចលនាកៀរគរថវិកា ទៅដល់អាជីវករ សប្បុរសជន និងវិស័យឯកជននៅក្នុងខេត្ត ដើម្បីចូលរួមថវិកាទៅតាមលទ្ធភាព នឹងរៀបប្រតិភូនាំយកថវិកាទាំងនោះ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាឆាប់ៗនេះ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរស្រុក ក្រុង ដែលមានទឹកចិត្តលះបង់ ជួយដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាលបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជារាប់ពាន់នាក់ សូមឱ្យម្ចាស់ទឹក ម្ចាស់ដី ផ្តល់ពរជ័យ សុខចម្រើន និងសម្រេចរាល់ភារកិច្ច ជូនជាតិ និងប្រជាជន ៕