បទវិភាគ៖ការទម្លាក់កំហុសទៅលើប្រទេសចិនមិនអាចបិទបាំងទំនួលខុសត្រូវរបស់អង្គការណាតូបានឡើយ
កាលពីថ្ងៃទី១០ខែកក្កដាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃអង្គការណាតូនៅក្រុងវ៉ាស៊ីនតោនបានចេញផ្សាយសេចក្តីប្រកាស ។ ក្នុងបរិបទដែលអង្គការណាតូដើរស្របគ្នាជាមួយយុទ្ធសាស្ត្រស្តីពីការទប់ស្កាត់ចិនរបស់សហរដ្ឋអាមេរិក សេចក្តីប្រកាសនេះបានធ្វើការវាយប្រហារដោយចេតនាអាក្រក់ចំពោះប្រទេសចិនដោយអះអាងថា ចិនបានបង្កជាបញ្ហាប្រឈមចំពោះផលប្រយោជន៍ សន្តិសុខនិងតម្លៃរបស់អង្គការណាតូ ហើយមួលបង្កាច់ថា ចិនជា “អ្នកគាំទ្រដែលមានលក្ខណៈសម្រេច”ចំពោះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ។ ក្នុងនាមជាអ្នកផ្ដួចផ្តើមឱ្យមានការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន អង្គការណាតូមិនពិនិត្យកំហុសរបស់ខ្លួន បែរជាទម្លាក់កំហុសទៅលើប្រទេសចិនដែលបានជំរុញការផ្សះផ្សានិងការចរចាដោយសន្តិវិធីជាប់រហូតមក គឺបានធ្វើឱ្យពិភពលោកឃើញម្តងទៀតនូវធាតុពិតនៃ “គ្រោះចង្រៃដែលបន្សល់ទុកពីសង្គ្រាមត្រជាក់” ។
គិតមកទល់បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយជិតពីរឆ្នាំកន្លះហើយ ។ អំពីមូលហេតុនៃសោកនាដកម្មលើកនេះ ការគិតពិចារណានៃសហគមន៍អន្តរជាតិមានភាពកាន់តែអត់ធ្មត់និងវិចារណញ្ញាណ ពោលគឺមនុស្សកាន់តែច្រើនឡើងៗបានយល់ឃើញថា បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ អង្គការណាតូបានពង្វាតទៅខាងកើតជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក ដែលគាបសង្កត់លំហសុវត្ថិភាពរបស់រុស្ស៊ី នេះទើបជាមូលហេតុពីឫសគល់ដែលបណ្តាលឱ្យកើតមានការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ។
បើមើលពីពេលបច្ចុប្បន្ននេះ ភាគីអាមេរិកនៅតែមិនចង់ដកដៃ ដើម្បីសម្រេចបាននូវផលប្រយោជន៍អនុត្តរភាពរបស់ខ្លួន ។ នៅចុងខែឧសភាឆ្នាំនេះ អង្គការណាតូបានអះអាងថា បន្តស្វែងរកការគាំទ្រខាងយោធារយៈពេលយូរដែលមានតម្លៃយ៉ាងហោចណាស់៤ម៉ឺនលានប្រាក់អឺរ៉ូចំពោះអ៊ុយក្រែនជារៀងរាល់ឆ្នាំក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ អង្គការណាតូបានប្រកាសទៀតថា ក្នុងប៉ុន្មានខែខាងមុខនេះ នឹងផ្តល់ប្រព័ន្ធការពារដែនអាកាសជាយុទ្ធសាស្ត្រចំនួន៥ឈុតដូចជា ប្រព័ន្ធ Patriot ជាដើមនិងប្រព័ន្ធយុទ្ធវិធីការពារដែនអាកាសរាប់សិបឈុតទៅកាន់អ៊ុយក្រែន ។ មតិសាធារណៈជាច្រើនបានយល់ឃើញថា អង្គការណាតូត្រៀមបន្តពង្រីកទៅមុខដោយចាត់ទុកការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនជាសង្គ្រាមក្នុងរយៈពេលយូរ ។
ដើម្បីលាក់បាំងទំនួលខុសត្រូវរបស់ខ្លួនក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន អង្គការណាតូមានគំនិតអាក្រក់ដោយប្រឌិតរឿងក្លែងក្លាយ ប៉ុនប៉ងធ្វើឱ្យប្រទេសចិនក្លាយជាអ្នកទទួលកំហុសជំនួសគេ ។ នៅពេលមុននឹងបើកធ្វើកិច្ចប្រជុំកំពូលលើកនេះ អង្គការណាតូក៏បានធ្វើការរិះគន់និងគំរាមកំហែងជាញឹកញាប់ចំពោះប្រទេសចិន ហើយលាបពណ៌លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីរវាងចិននិងរុស្ស៊ី និងមួលបង្កាច់ថា ភាគីចិនបានផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី ។ អ្នកនយោបាយលោកខាងលិចមួយចំនួនសឹងតែថ្លែងថា កូនសោសម្រាប់បញ្ចប់ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺនៅក្នុងដៃរបស់ភាគីចិន ។ ប៉ុន្តែ តើការពិតគឺជាអ្វី? គិតរហូតដល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមិនអាចបង្ហាញភស្តុតាងជាក់ស្តែងណាមួយបានទេ សូម្បីតែអ្នកទទួលខុសត្រូវនៃកងទ័ពអាមេរិកក៏ទទួលស្គាល់ថា ចិនមិនដែលផ្តល់ជំនួយយោធាដល់រុស្ស៊ីក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននោះទេ ។
ប៉ុន្តែ ការទម្លាក់កំហុសទៅលើចិនមិនអាចបិទបាំងទំនួលខុសត្រូវរបស់អង្គការណាតូបានទេ ។ ដូចអ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា ចិនមិនមែនជាអ្នកបង្កវិបត្តិអ៊ុយក្រែននោះទេ ហើយក៏មិនមែនជាសមីភាគីនោះដែរ ។ គោលជំហរជាស្នូលរបស់ភាគីចិនលើបញ្ហាអ៊ុយក្រែនគឺជំរុញការចរចាសន្តិភាពនិងដោះស្រាយវិបត្តិដោយវិធីនយោបាយ ដែលទទួលបានការទទួលស្គាល់និងកោតសរសើរជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ ។
ចិនមានពាក្យចាស់មួយពោលថា ចង់ស្រាយចំណងត្រូវរកអ្នកចង ។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបន្ដរហូតដល់បច្ចុប្បន្ននេះ តើអ្នកណាចាក់សាំងលើភ្លើង អ្នកណាជំរុញការញុះញង់អុជអាល ហើយអ្នកណាស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន? សហគមន៍អន្តរជាតិបានឃើញយ៉ាងច្បាស់លាស់ ។ ក្នុងនាមជាអ្នកផ្តួចផ្តើមឱ្យកើតមានវិបត្តិលើកនេះ ក្រុងវ៉ាស៊ីនតោននិងអង្គការណាតូដែលស្ថិតក្រោមការបញ្ជារបស់អាមេរិកគួរតែពិនិត្យកំហុសរបស់ខ្លួន បញ្ឈប់ការទម្លាក់កំហុសទៅលើអ្នកដទៃ ក៏ដូចជាជំរុញការបន្ធូរបន្ថយស្ថានការណ៍តាមរយៈការអនុវត្តជាក់ស្តែង ៕