ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការបង្រ្កាបល្បែងស៊ីសង
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ នាថ្ងៃសុក្រ ទី១២ ខែកក្តដា ឆ្នាំ២០២៤ បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរងនគរបាលជាតិ និងអគ្គនាយករងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិក-សមាជិកា ព្រមទាំងមន្រ្តីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានមតិស្វាគមន៍ដល់ក្រុមការងារដែលបានចូលរួមកិច្ចប្រជុំពិភាក្សានាពេលនេះ។ ឯកឧត្តម បានស្នើអង្គប្រជុំពិនិត្យ ផ្តល់យោបល់ និងធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែល្អប្រសើរ ស្របតាមការវិវត្តនៃស្ថានភាពសង្គមនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាអាចបម្រើដល់ការអនុវត្តរបស់មន្រ្តីមានសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ដែរថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបង្រ្កាបល្បែងស៊ីសងនេះ មានគោលបំណង កំណត់អំពីបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលត្រូវបង្ក្រាប និងទប់ស្កាត់ ដើម្បីបង្ការគ្រោះថ្នាក់ដល់សង្គម និងធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមនីយកម្មក្នុងសង្គមជាតិ ៕