ប្រធានរដ្ឋវៀតណាម អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ
ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ។
យោងតាមក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។
ឯកឧត្តមប្រធានរដ្ឋ តូ ឡឹម គ្រោងនឹងជួបជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបទាំងនេះត្រូវ បានរំពឹងថានឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែក លើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ នៃប្រជាជនទាំងពីរ។
ឯកឧត្តមប្រធានរដ្ឋ គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងនៅមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។
ឯកឧត្តម តូ ឡឹម ក៏គ្រោងនឹងទទួលការចូលជួបសម្តែងការគួរសមពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ផងដែរ ៕