ឯកឧត្ដម ណាត ប៊ុនរឿន ដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់គម្រោង USESDP-2
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងជានាយកគម្រោង USESDP-2 នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់គម្រោង ដោយមានការចូលរួមពីថ្នាក់ដឹកនាំគម្រោង ប្រធាន អនុប្រធានគ្រប់គ្រងគម្រោង ប្រធាន អនុប្រធានសមាសភាគនិងផ្នែកជំនាញ ទីប្រឹក្សាគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ១០៤នាក់។
កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សាអំពីវឌ្ឍនភាពរបស់គម្រោង ការកសាងនូវឧត្តមានុវត្តន៍ និងពិភាក្សានូវសកម្មភាពក៏ដូចជាសូចនាករមិនទាន់សម្រេចបាន ដើម្បីដាក់ចេញជាដំណោះស្រាយ។
ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោង ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការកែលម្អលទ្ធផលសិក្សារបស់សិស្ស តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូដោយទទួលបានលទ្ធផលល្អ។ ជារួម គម្រោងមានវឌ្ឍនភាពល្អ ក្នុងឆ្នាំសិក្សាកន្លងមកនេះ ក្រោមការគាំទ្ររបស់គម្រោង វិទ្យាល័យធនធានចំនួន១៨ និងវិទ្យាល័យបណ្ដាញចំនួន៥ បានជាប់ពានរង្វាន់ស្តង់ដាសាលារៀនគំរូ ហើយវិទ្យាល័យចំនួន៥ និងវិទ្យាល័យបណ្ដាញចំនួន៣ ទទួលបានបណ្ណសរសើរលើកទឹកចិត្ត។ ទន្ទឹមនឹងនេះ គម្រោងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ អគារធនធាន បន្ទប់ពិសោធន៍ បណ្ណាល័យ បន្ទប់ពហុបំណង ព្រមទាំងបំពាក់គ្រឿងសង្ហារិម សម្ភារៈនានានៅសាលាធនធាន និងបណ្ដាញ ក៏ដូចជាការកែលម្អអគារទាំង៨ នៅវិទ្យាស្ថានជាតិអប់រំ និងការសាងសង់បណ្ណាល័យ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានផ្តល់អនុសាសន៍ ជាទិសដៅបន្ត គម្រោងនឹងសម្រេចឱ្យបានស្តង់ដាសាលារៀនគំរូ ចំនួន ២៥សាលាទៀត និងចងក្រងនូវឧត្តមានុវត្តន៍របស់គម្រោង ដើម្បីជាប្រយោជន៍សម្រាប់ក្រសួង និងគម្រោងបន្តបន្ទាប់ទៀត ព្រមទាំងការត្រៀមលក្ខណៈបិទបញ្ចប់គម្រោង។
គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ គឺជាផ្នែកមួយនៃការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទៅលើការអប់រំនៅមធ្យមសិក្សាទុតិយភូមិ និងការកសាងបន្ថែមលើចំណុចខ្វះខាតរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិជំហានទី១។ គម្រោងនេះ ត្រូវអនុវត្តរយៈពេល៦ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិ៕