រដ្ឋមន្ត្រីបរិស្ថាន៖ ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ«ពន្លកបៃតង» បានបណ្ដុះគំនិតរបស់ប្រជាពលរដ្ឋ ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិព័រណ៍«ពន្លកបៃតង» ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ធ្វើឡើងនៅកម្ពុជាជាលើកដំបូង នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា រហូតមកទល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានចែកកូនឈើជូនប្រជាពលរដ្ឋទៅដាំ បាន ចំនួន៩២ ម៉ឺនដើម។ ឯកឧត្តមមានប្រសាសន៍ថា នេះជាការបណ្ដុះគំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង ស្រឡាញ់បរិស្ថាន។
បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី គឺឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឲ្យធ្វើនៅតាមរាជធានី ខេត្ត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ឆ្នាំក្រោយក្រសួងបរិស្ថាន អាចបណ្តុះបានកូនឈើ យ៉ាងតិច ៥លានដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ហើយនៅឆ្នាំក្រោយៗទៀត នឹងមានថ្នាលសម្រាប់បណ្តុះកូនឈើលក្ខណៈតំបន់ ដែលអាចផលិតកូនឈើ បានចំនួន១០លានដើម ក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានធ្វើការចែកកូនឈើ ក្នុងឱកាសធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ក្នុងគោលបំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឲ្យស្រឡាញ់ដើមឈើ។ កូនឈើចម្រុះរាប់ម៉ឺនដើម រួមមានទាំងពូជឈើប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជឈើពពួកព្រៃលិចទឹកនិងកោងកាង បានចែកឲ្យប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា នៅរាជធានីភ្នំពេញ និងនៅតាមមន្ទីរបរិស្ថានរាជធានី ខេត្តនានា ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ខណៈដែលក្រសួងបរិស្ថាន បានបណ្តុះកូនឈើ បានជាង១,៣លានដើម ចាប់តាំងពីការដាក់ចេញយុទ្ធនាការ ចែកកូនឈើជូនប្រជាពលរដ្ឋ យ៉ាងតិច១លានដើម នៅក្នុងឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យកដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សាឆ្នាំ២០២៤នេះ ដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឲ្យ បាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០ ៕