សម្តេច ម៉ែន សំអន៖ កម្ពុជា-វៀតណាម បន្តជម្រុញកិច្ចសហប្រតិបត្តិការលើមិត្តភាព ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា- វៀតណាម ជួបពិភាក្សាការងារជាមួយឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដើម្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការលើមិត្តភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅសណ្ឋាគារសូហ្វីតែល នាព្រឹក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានកោតសរសើរចំពោះ ការអភិវឌ្ឍរបស់កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាមក៏បានអបអរ សាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះ ត្រចង់ នៃការ បោះឆ្នោតកន្លងមកនេះ ។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា៖ ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អនិង ទំនាក់ទងប្រវត្តិ សាស្ត្រដែលបានប្រឆាំងនឹងសត្រូវរួមគ្នា និងមានចំណងមិត្តភាព សាមគ្គីភាព គ្នាល្អ លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម
មកកាន់ព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ និងបាន អបអរសាទរជាថ្មីចំពោះការ តែង តាំង ឯកឧត្តម ជាប្រធានរដ្ឋកាលពីពេលថ្មីៗនេះ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា៖ តាមរយ: សមាគមមិត្តភាពនៃប្រទេស ទាំងពីរ នឹងបន្តពូនជ្រំទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាបងប្អូន ជាអ្នកជិតខាងភូមិផង របងជា មួយគ្នាយ៉ាងជិតស្និទ្ធ ដោយ ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរ អង្វែង» ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរដល់ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គម និយមវៀតណាមនិងគណៈ ប្រតិភូ សូមឱ្យសម្រេចបានជោគជ័យក្នុងដំណើរទស្សន កិច្ចនេះ៕