សម្តេច សាយ ឈុំ អញ្ជើញប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ។
សូមជម្រាបថា បើតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឯកឧត្តម មាន ចាន់យ៉ាដា ត្រូវបានសម្រួលភារកិច្ច ពីសមាជិកគណៈអចិន្រ្តៃយ៍ និងពីសមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ ជំនួស ឯកឧត្តម ប៉ែន កុសល្យ ដែលត្រូវបានសម្រួលភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្សខេត្ត ពីប្រធានគណៈចលនាមហាជន ពីប្រធានគណៈចលនាយុវជន នៃគណៈកម្មាធិការគណបក្សខេត្ត និងពីប្រធានក្រុមការងារយុវជនគណបក្សខេត្តឧត្តរមានជ័យ និងផ្ទេរភារកិច្ចមកជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏ដូចជាសម្តេច អនុប្រធានគណបក្សជាច្រើនរូបទៀត ផ្ញើជូនថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅទីនេះ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ក៏ដូចជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ខេត្តឧត្តរមានជ័យ ដែលធ្វើឱ្យខេត្តមួយនេះទទួលបានការគាំទ្រយ៉ាងច្រើសពីសំណាក់ប្រជាពលរដ្ឋ ធ្វើឱ្យការបោះឆ្នោតទទួលបានជោគជ័យជាបន្តបន្ទាប់។
ជាមួយគ្នានេះ សម្តេចវិបុលសេនាភក្តី ក៏បានមានប្រសាសន៍ណែនាំ និងជំរុញប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យថ្មី ដែលទើបទទួលបានមុខតំណែងតួនាទីនៅពេលនេះ ត្រូវបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស និងសហការគ្នាឱ្យបានល្អប្រសើរជាមួយសមាជិកសមាជិកាបក្សតាមបណ្តាក្រុងស្រុកក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការបម្រើប្រយោជន៍នានាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីយើងទទួលបានប្រជាប្រីយភាព និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជាបន្តទៀត។
ដោយឡែកឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ដែលទើបទទួលបានការតែងតាំងនាពេលនេះ បានថ្លែងដោយធ្វើការប្តេជ្ញាចិត្ត យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី សមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីអនុវត្តឱ្យបានសម្រេចតាមគោលការណ៍ណែនាំរបស់គណបក្ស។
លើសពីនេះទៀតឯកឧត្តម មាន ចាន់យ៉ាដា ក៏បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់កិត្តិយសដ៏ថ្លៃថ្លាបំផុត ជឿជាក់ទុកចិត្ត ប្រគល់ភារកិច្ចទទួល ខុសត្រូវដល់រូបលោកជាប្រធានគណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ។
ឯកឧត្តម មាន ចាន់យ៉ាដា សូមគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានលះបង់ពេលវេលាដ៏មាញឹកអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ ៕