ក្រសួងការពារជាតិ ប្រកាសព័ត៌មានពីឧទ្ធម្ភាគចក្រមួយគ្រឿងបាត់ការទាក់ទង ពេលកំពុងហោះហើរនៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ខណៈកម្លាំងជួយសង្គ្រោះកំពុងរួមគ្នាតាមរុករក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងការពារជាតិ បានប្រកាសព័ត៌មានអំពីការបាត់ការទាក់ទងឧទ្ធម្ភាគចក្រមួយគ្រឿង ស្ថិតនៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
ក្រសួងការពារជាតិ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបាត់ដាននេះ គឺជាការហាត់ហ្វឹកហ្វឺន ហើយឧបទ្ទវហេតុនេះ បានកើតឡើងដោយសារអាកាសធាតុ មិនអំណោយផល។
នៅពេលនេះ បណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ខណៈក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់ ៕