អ្នកនាំពាក្យក្រសួងធម្មការ បញ្ជាក់ថាមិនមានការបិទការដង្ហែទីងមោងសម្រាប់រៃអង្គាសបច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាឡើយ
ភ្នំពេញ៖ ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមកមានសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានចុះផ្សាយថា ការដង្ហែទីងមោងសម្រាប់រៃអង្គាសបច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាត្រូវបានហាមឃាត់មិនឱ្យធ្វើទៀតឡើយ។
ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា សូមបដិសេធព័ត៌មាននេះ និងសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា គ្មានការហាមប្រាមការដង្ហែទីងមោង ដែលជាប្រពៃណីរបស់ប្រជាជនឬពុទ្ធសាសនិក កម្ពុជាដូចការចុះផ្សាយនោះទេ។ ការដង្ហែទីងមោងត្រូវធ្វើឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ពោលគឺ ការរចនាទឹងមោងត្រូវធ្វើតាមរចនាប័ថ្មខ្មែរ ដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង ព្រោះថានៅតាមតំបន់ ឬនិគមមួយចំនួន ការរចនារូបទីងមោងបានប្រាសចាកពីទម្រង់និងរចនាប័ទ្ទរបស់ខ្មែរ ដោយអ្នកខ្លះរចនា ជារូបក្មេងទំនើង រូបមនុស្សកាន់កំប៉ុងស្រាបៀរ រូបអាសអាភាស ឬប្រើប្រាស់ឧបករណ៍ភ្លេងមិនសមស្រប ជាដើម។ មិនតែប៉ុណ្ណោះ នៅតាមតំបន់មួយចំនួនទៀត គេបានប្រែក្លាយការដង្ហែទីងមោង ទៅជាចាក់ធុងបាស់ទៅវិញ។
ដោយមានការយល់ច្រឡំនិងទទួលព័ត៌មានមិនច្បាស់លាស់ សារព័ត៌មានឬបណ្តាញសង្គមមួយចំនួន បានយករឿងនេះទៅផ្សព្វផ្សាយដោយប្រាសចាកពីខ្លឹមសារដើមដែលធ្វើឱ្យសាធារណមតិមួយចំនួនមានការយល់ច្រឡំ។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន ៕