តំណាងឯកឧត្តម ថោ ជេដ្ឋា នាំយកថវិកាប្រគល់ជូនគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាស្ពឺ ដើម្បីសាងសង់របងសាលារៀន
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សឃុំម្សាក្រង និងបាននាំយកថវិកាមួយចំនួនប្រគល់ជូនគណៈកម្មាធិការទ្រទ្រង់សាលាបឋមសិក្សាស្ពឺ ស្ថិតក្នុងភូមិម្សាក្រងត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីសាងសង់របងសាលារៀន។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមសាមគ្គីគ្នារបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ដែលបានដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ច្បាស់លាស់ និងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ។
ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារ បានផ្តាំផ្ញើដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ត្រូវបន្តចុះជាប្រចាំដល់មូលដ្ឋាន ដើម្បីក្តាប់សំណូមពរ តម្រូវការ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ និងរួមគ្នាធ្វើការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ៕