ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកជំទាវ វ៉ែន ឌីមឿន ចំពោះដំណឹងមរណភាពរបស់ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប
ភ្នំពេញ៖ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកជំទាវ វ៉ែន ឌីមឿន ព្រមទាំងក្រុមគ្រួសារ ចំពោះដំណឹងមរណភាពរបស់ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៣:០០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានខ្លឹមសារដូចខាងក្រោម៖
“ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាពរបស់ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ដែលត្រូវជាស្វាមី របស់លោកជំទាវ បានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៣:០០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយលោកជំទាវ និងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារ ធម៌របស់ភរិយា កូនៗ ចៅៗ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារប្រកបដោយឆន្ទៈមនសិការ បម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ ប្រជាជន។ លើសពីនេះ ឯកឧត្តម មានស្នាដៃច្រើនរាប់មិនអស់ក្នុងការចូល រួមចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក មួយរូប ដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្លួននៅក្នុងព្រះពុទ្ធសាសនា។
ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម សំ សារីន បានទៅកាន់ឋានបរមសុខក្នុង សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ” ៕