រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តឱ្យសិស្សនិស្សិតចូលរួមការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើនព្រោះជាពហុជំនាញ និងសង្ឃឹមថាយុវជនអាចយកបច្ចេកវិទ្យាដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តសិស្ស-និស្សិតឱ្យចូលរួមក្នុងការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើនបន្ថែមទៀតព្រោះជាពហុជំនាញដែលធ្វើឱ្យសិស្ស-និស្សិតអាចមានលទ្ធភាពកាន់តែខ្ពស់បន្ថែមទៀតដោយមិនត្រឹមតែមានជំនាញស្នូលរបស់ខ្លួនមួយមុខប៉ុណ្ណោះទេ។
ការលើកឡើងបែបនេះ គឺនៅក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមជាសហប្រធានជាមួយឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ ដែលរៀបចំឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី សិស្ស-និស្សិតដែលចូលរួមការប្រកួតប្រជែងនេះនឹងបានរៀនសូត្រពីការធ្វើការងារជាក្រុមព្រោះថា ការបង្កើតរ៉ូបូតនីមួយៗនេះត្រូវការក្រុមពហុជំនាញផ្សេងៗគ្នាដូចជាជំនាញកម្មវិធីកុំព្យូទ័រ ជំនាញមេកានិក ជំនាញអគ្គិសនីជាដើម ហើយការមានជំនាញជាក់លាក់ច្បាស់លាស់សម្រាប់ជីវិតនេះគឺស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានទិសដៅធ្វើឱ្យពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិច។
ថ្លែងទៅកាន់កម្មវិធីដែលមានអ្នកចូលរួមជាង១ពាន់នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានសង្ឃឹមថា អ្នកសិក្សាជំនាញបច្ចេកទេសទាំងអស់នឹងអាចប្រើប្រាស់បច្ចេកវិទ្យាដែលមានដើម្បីសម្រួលដល់ការរស់នៅ ការប្រកបរបរអាជីវកម្មរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។
សូមបញ្ជាក់ថា កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ និងមានក្រុមនិស្សិតចំនួន ៩ក្រុម ចូលរួមប្រកួតប្រជែង ដែលមកពីគ្រឹះស្ថានសិក្សានានាចំនួន ៥ រួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC), វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ ក្រោមប្រធានបទការប្រមូលផលស្រូវដែលមានគោលបំណង ដើម្បីផ្ដល់ឱកាសដល់និស្សិត មកពីបណ្ដាលវិទ្យាស្ថាន និងសកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិតឧបករណ៍បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯកសម្រាប់តំណាងកម្ពុជាទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ៕