ឯកឧត្តម ផៃ ប៊ុនឈឿននិងឯកឧត្តម សរ សុពុត្រា ចូលថ្វាយបង្គំ និងសំណេះសំណាលជាមួយព្រះមេគណខេត្តស្ថិតក្នុងបរិវេណវត្តស្រះកែវមុនីវណ្ណ(ហៅវត្គលើ)
ស្ទឹងត្រែង៖ នារសៀលថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត រួមដំណើរជាមួយឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នឹងមន្រ្តីរាជការនៃសាលាខេត្តស្ទឹងត្រែងជាច្រើនរូប ចូលថ្វាយបង្គំ និងសំណេះសំណាលជាមួយព្រះមេគណខេត្ត ទាំងពីរគណៈ(គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ) និងព្រះមន្ត្រីសង្ឃខេត្តគ្រប់ឋានានុក្រម នៅសាលាគណខេត្ត នៃគណៈមហានិកាយ ស្ថិតក្នុងបរិវេណវត្តស្រះកែវមុនីវណ្ណ(ហៅវត្គលើ) ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសនោះផងដែរឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែងនិងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងក៏បានចូលរួមក្នុងពិធីសិតទៀនវស្សា(ទៀនក្រមួន)ដើម្បីទុកប្រើប្រាស់ក្នុងពិធីចូលព្រះវស្សាក្នុងពេលខាងមុខនេះផងដែរ។
បន្ទាប់ពីបានប្រគេនទេយ្យទាន ស្បង់ចីវរ និងថវិកាមួយចំនួនថ្វាយដល់ព្រះសង្ឃគ្រប់ព្រះអង្គប្រកបដោយសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងក្នុងព្រះពុទ្ធសាសនារួចមក ឯកឧត្តមអភិបាលខេត្តក៏បានឡើងមានប្រសាសន៍ សំណេះសំណាល សំដែងការគួរសម ប្រកបដោយការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅ ។
ក្នុងនោះដែរ ឯកឧត្តមក៏បានប្រគេនជាបច្ច័យមួយចំនួនជូនទៅដល់យាយជីតាជីផងដែរ៕