ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសំណេះសំណាល និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ៦០រូប ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ និងទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ៦០រូប ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា ឱ្យបានសម្រេចជោគជ័យតាមផែនការគ្រោងទុក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានមានមតិសំណេះសំណាល ព្រមទាំងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះឯកឧត្តម លោកជំទាវ ទាំងអស់ នៃអង្គពិធីទាំងមូល។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ ព្រមទាំងការដឹងគុណចំពោះ ថ្នាក់ដឹកនាំជំនាន់មុនៗ ដែលបានលះបង់កម្លាំងកាយ ចិត្ត ក្នុងការអភិវឌ្ឍជនបទឱ្យមានការរីចម្រើន ជាក់ស្ដែងថ្នាក់ដឹកនាំ និងទីប្រឹក្សាទាំងអស់ ដែលបន្ដការងារអភិវឌ្ឍន៍ជនបទនាពេលនេះ គឺជាមូលធនមនុស្សដ៏សំខាន់ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឱ្យមានឡើង ក្នុងគោលបំណងលើកកម្ពស់សាមគ្គីភាព និងឯកភាពឱ្យកាន់តែរឹងមាំ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានារបស់ប្រជាជននៅតំបន់ជនបទ និងការស្វែងរកដំណោះស្រាយ ឱ្យឆ្លើយតបទៅនឹងតម្រូវការជនបទ ព្រមទាំងដើម្បីជំរុញអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។
ឯកឧត្តមរដ្ឋមន្ដ្រី បានសំណូមពរដល់ ឯកឧត្តម លោកជំទាវ ទីប្រឹក្សាទាំងអស់ ជួយផ្ដល់ជាយោបល់ ដែលធាតុចូលបន្ថែមទៀត ដើម្បីជាការចូលរួមតម្រង់ទិសដៅនិងការជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕