សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឲ្យប្រជាពលរដ្ឋអាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូង ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគមន៍
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអណ្តូងទឹកស្អាត ដើម្បីវឌ្ឍនភាពសហគមន៍ និងសំណេះសំណាលជាមួយសមាគមអតីតយុទ្ធជនកម្ពុជា រួមមាន យុទ្ធមិត្តបម្រើកងទ័ពជំនាន់ឆ្នាំ១៩៧៨ អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងនិវត្តន៍ជន ដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ ចំនួន ៥០០គ្រួសារ ស្ថិតនៅក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណចំពោះសមានចិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការបស់អង្គការអ៉ីនធេីណាសូណល ឡាយអិនខ្លឹប ដែលបានផ្តល់ជំនួយមនុស្សធម៌ផ្តោតលើការជីកអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ក្នុងខេត្តស្វាយរៀង សរុបទាំងអស់ចំនួន ២៥អណ្តូងទឹក ដែលប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣៧,៥០០ ដុល្លារអាមេរិក។ ក្នុងនោះ បានសាងសង់រួចរាល់ជាស្ថាពរចំនួន១៧អណ្តូង។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន និងប្រជាពលរដ្ឋ ធានាបាននូវសុខភាពល្អ និងជីវភាពកាន់តែប្រសើរទ្បើង។ ជាពិសេស ការប្រើប្រាស់ទឹកស្អាតបានចូលរួមចំណែកក្នុងការកាត់បន្ថយនូវការឆ្លងមេរោគ តាមរយៈ ការថែទាំសុខភាព ការកាត់បន្ថយភាពស៊ាំទៅនឹងឱសថប្រឆាំងមេរោគ និងការកែលម្អសុខភាព និងសុវត្ថិភាពការងារ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរ ដើម្បីឲ្យការប្រើប្រាស់អណ្តូងទឹកទាំងនេះបានយូរអង្វែង សូមប្រជាពលរដ្ឋដែលអាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគមន៍។
នៅក្នុងថ្ងៃនេះផងដែរ ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ក៏បានទទួលអំណោយពីអង្គការអ៉ីនធេីណាសូណល ឡាយអិនខ្លឹប ជាគ្រឿងឧបភោគ បរិភោគ មួយចំនួនដូចជា៖ អង្ករ ៦គីឡូក្រាម អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាមួយចំនួន៕