ក្រសួងការងារ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នៅខេត្តបាត់ដំបង
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តបាត់ដំបង ដោយមានវត្តមានចូលរួមពីតំណាងថ្នាក់ដឹកនាំខេត្តបាត់ដំបង សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៤០០នាក់។
ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់នៅទូទាំងប្រទេស ក្រសួងក៏នឹងពង្រីកការដាក់ពង្រាយការបណ្តុះបណ្តាលតាមសហគមន៍ សម្រាប់ជំនាញសាមញ្ញៗ ដូចជា ផ្នែកសេវាកម្ម និងជំនាញពាក់ព័ន្ធនឹងកសិកម្ម និងកសិ-ឧស្សាហកម្ម។ ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការចូលរួមអភិវឌ្ឍវិស័យ TVET តាមរយៈការលើកទឹកចិត្តក្នុងការបង្កើត និងពង្រីកកិច្ចសហការរវាងវិស័យឯកជន (សាកលវិទ្យាល័យ/គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាល TVET សម្រាប់កម្មវិធីបណ្តុះបណ្តាលផ្អែកលើការងារ (Work-Based Learning Program), ការផ្លាស់ប្តូរជំនាញ, ការបង្កើនជំនាញ និងប្រសិទ្ធភាពនៃការគ្រប់គ្រង ដែលសហគ្រាស គ្រឹះស្ថាន អាចជាអ្នកផ្ដល់ការបណ្តុះបណ្តាលដោយផ្ទាល់តែម្ដង ប្រសិនបើសហគ្រាស គ្រឹះស្ថាននោះមានបំណងចង់ធ្វើដោយខ្លួនឯង ហើយក្រសួងក៏លើកកម្ពស់ ពន្លឿន និងជំរុញការអនុវត្តថ្នាលបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យកម្មករនិយោជិតអាចសិក្សាតាមប្រព័ន្ធអនឡាញ (ពីចម្ងាយ) ឬសិក្សាដោយខ្លួនឯងបានផងដែរ ៕