សម្ដេចធិបតី៖ ក្មេងសម័យបច្ចុប្បន្នមួយចំនួន មិនជឿអ្វីដែលចាស់ៗជំនាន់មុន បានឆ្លងកាត់ក្នុងសម័យសង្គ្រាម
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្មេងសម័យបច្ចុប្បន្ននេះនៅមានអ្នកខ្លះមិនទាន់ជឿនូវអ្វីដែលចាស់ៗជំនាន់មុនបានឆ្លងកាត់ក្នុងសម័យសង្គ្រាមផ្ទាល់ និងបានប្រាប់ផ្ទាល់នោះទេ ទម្រាំក្មេងៗជំនាន់ក្រោយទៀត ដែលគ្មានចាស់ៗជំនាន់មុនប្រាប់ទៀតនោះរឹតតែមិនជឿហើយ ដូច្នេះការរក្សាទុកឯកសារពាក់ព័ន្ធឲ្យបានល្អ ជារឿងចាំបាច់បំផុត។
នាឱកាសអញ្ជើញទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សម័យនេះសូម្បីតែអ្នកដែលឃើញជាក់ស្តែង (តាមវីដេអូប្រវត្តិសាស្ត្រពីសម័យ ប៉ុល ពត) ជួនកាលអ្នកខ្លះត្រូវគេយកទៅទឹមធ្វើជាគោផង នៅមានក្មេងៗមួយចំនួនមិនទាន់ជឿ ទម្រាំតែអ្នកទាំងអស់នេះក្នុងពេល ៥០ឆ្នាំទៀត គាត់លែងបាននៅបានប្រាប់ថា តា យាយ បានឆ្លងកាត់ពិត អារឿងនឹងពិត ចឹងអស់ពីពួកគាត់ទៅ តើមានអ្នកណាប្រាប់ទៅក្មេងៗទៀត ចឹងហើយការរក្សាទុកឯកសារគឺជារឿងសំខាន់»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វប្បធម៍ និងការលំបាកពីជំនាន់មុន វាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពចាំបាច់នូវការថែរក្សាសន្តិភាព ព្រោះវាបានភ្ជាប់គ្នានូវអ្វីដែលជាប្រវត្តិសាស្ត្ររបស់យើង ពិសេសម័យមហានគរចុះមករហូតទៅដល់ចំនូចសូន្យ ហើយត្រូវចាប់ផ្តើមឡើងវិញ ៕