ក្រសួងមុខងារសាធារណៈ ជម្រាបជូនពីការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិលឆ្នាំ២០២៤
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា ក្រសួង បានទទួលសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រពីក្រសួង ស្ថាប័នមួយចំនួនរួចហើយ ដោយឡែកក្រសួង ស្ថាប័នមួយចំនួនទៀត ពុំទាន់បានធ្វើសំណើមក ក្រសួងមុខងារសាធារណៈនៅឡើយ។
ជាមួយគ្នានោះដើម្បីជាផលប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល និងដើម្បីអនុវត្តការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រឱ្យបានទាន់ពេលវេលា សូមក្រសួង ស្ថាប័ន ដែលមិនទាន់បានលើកសំណើ សូមរួសរាន់រៀបចំនិងដាក់ ស្នើមកក្រសួងមុខងារសាធារណៈ ឱ្យបានត្រឹមដំណាច់ខែសីហា និងត្រូវភ្ជាប់ឯកសារមួយចំនួន ដូចខាងក្រោម៖
១-លិខិតស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិរបស់ក្រសួង ស្ថាប័នសាមីចំនួន ១ច្បាប់
២-បញ្ជីរាយនាមមន្ត្រីរាជការស៊ីវិល ស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិចំនួន ១ច្បាប់
៣-ភ្ជាប់ប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យ ដំឡើងថ្នាក់ ឋានន្តរស័ក្តិចុងក្រោយចំនួន ១ច្បាប់
៤-សញ្ញាបត្រ ថតចម្លងត្រឹមត្រូវតាមច្បាប់ដើមចំនួន ១ច្បាប់
ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ សូមរៀបចំការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការ ដោយអនុលោមតាមបែបបទនីតិវិធីជាធរមានឱ្យបានត្រឹមដំណាច់ខែសីហា។
ករណីពុំបានរៀបចំតាមពេលវេលាដែលបានកំណត់ខាងលើ ក្រសួងមុខងារសាធារណៈ នឹងមិនទទួលរៀបចំ បែបបទបន្តឡើយ ហើយនឹងត្រូវលើកទៅធ្វើនៅឆ្នាំបន្ទាប់ទៀត ៕