ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សាការងារជាមួយលេខាទូតអូស្រ្តាលី ប្រចាំកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសហការី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលេខាទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា មានលោក Lincoln Tedrick លេខាទី១ ដែលនឹងចប់អាណត្តិការងារនាពេលឆាប់ៗខាងមុខនេះ និងលោកស្រី Sam KLITSCHER លេខាទី១ថ្មី និងមន្រ្តីទូតមួយរូបទៀត។
ក្នុងជំនួបពិភាក្សាដែរ លោក Lincoln Tedrick លេខាទី១ បានគោរពជម្រាបលា និងឧទ្ទេសនាមលោកស្រី Sam KLITSCHER ដែលនឹងបន្តការងារក្នុងនាមជាលេខាទី១ថ្មី របស់ស្ថាទូតជំនួសរូបលោក។
កិច្ចពិភាក្សានេះក៏បានលើកឡើងអំពីចំណុចនៃកិច្ចសហការលើការងារអន្តោប្រវេសន៍ និងស្វែងយល់អំពីលទ្ធភាពដែលភាគីអូស្រ្តាលីផ្តល់ជំនួយបណ្តុះបណ្តាលសម្រាប់មន្រ្តីអន្តោប្រវេសន៍កម្ពុជានាពេលខាងមុខផងដែរ៕