គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារD សាលាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមត្រូវយកចិត្តទុកដាក់ស្តាប់ការការបកស្រាយរបស់វាគ្មិន ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងចាត់វិធាន ការបង្ក្រាបនិងទប់ស្កាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ដើម្បីធានា ដល់ការលើកកម្ពស់ជីវភាពរស់នៅ ភាពសុខសាន្ត និងសេចក្តីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ និងជាការរួម ចំណែកមួយដ៏ធំក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងចំនួន៣ រួមមាន៖
១-បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តរតនគិរីលើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់និង ដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុង កើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។
២-បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តរតនគិរីសំដៅផ្លាស់ប្តូរ ព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាប័ណ្ណ ឬ អាជ្ញាប័ណ្ណសាខានិងលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក.។
៣-លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់ គ្រងអាជីវកម្មល្បែងផ្សង សំណាង ដើម្បីជំរុញអនុលោមភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួម កាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ៕