ស្ពានឈើប្រវែង៥២ម៉ែត្រ ស្ថិតនៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានជួសជុលឡើងវិញ បន្ទាប់ពីបាក់ដោយសារជំនន់ទឹកភ្លៀង
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថៃ្ងទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមនិងឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ អភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ពានឈើមួយកន្លែងស្ថិតនៅភូមិ អូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ខណៈពេលស្ពាននេះបាក់ដោយសារជំនន់ទឹកភ្លៀង។
បន្ទាប់ពីបានពិនិត្យរួចមកក្រុមការងារឯកភាពជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សិក្សាធ្វើការជួសជុលបន្ទាន់ដើម្បីតភ្ជាប់ស្ពានឈើនេះជូនប្រជាពលរដ្ឋធ្វើការឆ្លងកាត់ជាបណ្តោះអាសន្ន។ រួចបន្តសិក្សាសាងសង់ជាស្ពានថ្មីឡើងវិញដើម្បីប្រើប្រាស់បានយូរអង្វែង។
គូសបញ្ជាក់ថា ស្ពាននេះឆ្លងកាត់ភ្ជាប់ពីភូមិរុន និងភូមិ វឺន សៀន ដែលមានប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះ ចំនួន ២០៧គ្រួសារ ប្រជាជនប្រមាណជា ១០០០នាក់ ៕