សម្ដេចធិបតី នឹងចុះពិនិត្យតាមមូលដ្ឋានដោយផ្ទាល់ឥតព្រៀងទុក
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា សម្ដេចនឹងចុះពិនិត្យតាមមូលដ្ឋានដោយផ្ទាល់ឥតព្រៀងទុកចាប់ពីពេលនេះតទៅដើម្បីពិនិត្យតាមដានការអនុវត្តគោលនយោបាយដែលបានដាក់ចេញ។
សម្ដេចបានលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នាព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាចាប់ពីឆ្នាំទី២នៃរដ្ឋាភិបាលអាណត្តិទី៧តទៅ សម្ដេចនឹងចំណាយពេលតិចលើការងាររដ្ឋបាលវិញបន្ទាប់ពីបានពង្រឹង១ឆ្នាំមកហើយ ដូច្នេះសម្ដេចនឹងចំណាយពេលច្រើនលើមូលដ្ឋានវិញជាជាងមើលតែរបាយការណ៍ដែលបានរាយការណ៍។
ជាមួយគ្នានោះសម្ដេចបានផ្ញើសារទៅរដ្ឋមន្ត្រីដែលទទួលបន្ទុកក្នុងវិស័យអទិភាពត្រូវត្រៀមខ្លួនផងដែរ៕