ក្រសួងមហាផ្ទៃ ណែនាំពីរបៀបរបបបំពេញការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពីរបៀបរបបបំពេញការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ។
កន្លងមកក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចស្តីពីរបៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកំណត់អំពីរបៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ។ ប៉ុន្តែក្នុងកំឡុងពេលមួយរយៈនេះ ក្រសួងបានពិនិត្យឃើញថា របៀបរបបបំពេញការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក ឬប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ នៅ មិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមស្មារតីនៃសេចក្តីសម្រេចខាងលើនៅឡើយ។ ហេតុដូចនេះ ដើម្បី ធានាឱ្យការអនុវត្តការងាររបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃប្រព្រឹត្តទៅប្រកបដោយតម្លាភាព ប្រសិទ្ធភាព ឆាប់រហ័ស និងមានការទទួលខុសត្រូវខ្ពស់ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដូចខាងក្រោម៖
១. រដ្ឋលេខាធិការ ដែលត្រូវបានប្រគល់ភារកិច្ចឱ្យជួយរដ្ឋមន្ត្រី លើការងារអគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គនាយកដ្ឋាន ឬអង្គភាពណាមួយចំណុះក្រសួងមហាផ្ទៃ ត្រូវធ្វើការពិនិត្យ តាមដាន ផ្តល់យោបល់ ផ្តល់ការណែនាំ និងតម្រង់ទិសដល់អគ្គស្នងការនគរបាលជាតិ អគ្គនាយក ឬប្រធានអង្គភាពដែលខ្លួនទទួលបន្ទុក ឱ្យបំពេញការងារឱ្យមានប្រសិទ្ធភាពស្របតាមគោលការណ៍កំណត់របស់ក្រសួង និងច្បាប់ជាធរមាន។ រដ្ឋលេខាធិការ ត្រូវធ្វើការដឹកនាំប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន ឬអង្គភាពដែលខ្លួនទទួលបន្ទុក ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន ឬអង្គភាពនោះ នៅពេលវេលាសមស្របណាមួយតាមការចាំបាច់ ព្រមទាំងត្រូវធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី។
២. ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន ឬអង្គភាពដែលមានរដ្ឋលេខាធិការច្រើន រូបទទួលបន្ទុក អគ្គស្នងការនគរបាលជាតិ អគ្គនាយក ឬប្រធានអង្គភាពនោះត្រូវចាត់អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ឬអនុប្រធានអង្គភាព ដើម្បីចូលរួមប្រជុំតាមការអញ្ជើញរបស់រដ្ឋលេខាធិការទទួលបន្ទុកតាមវិស័យ ជំនាញតាមពេលវេលាសមស្របណាមួយតាមការចាំបាច់។
៣. រដ្ឋលេខាធិការ មិនអាចធ្វើការចាត់ចែង ឬសម្រេចការងារជំនួសឱ្យអគ្គស្នងការនគរបាលជាតិ អគ្គនាយក ឬប្រធានអង្គភាពណាមួយឡើយ លើកលែងតែមានការសម្រេចអនុញ្ញាតពីរដ្ឋមន្ត្រី។
៤. អនុរដ្ឋលេខាធិការ ដែលត្រូវបានប្រគល់ភារកិច្ចជួយការងាររដ្ឋលេខាធិការរូបណា ត្រូវទទួលអនុវត្ត ការងារតាមការចាត់ចែង និងការណែនាំរបស់រដ្ឋលេខាធិការរូបនោះ លើកលែងតែមានការចាត់តាំង ឬការ ណែនាំពីរដ្ឋមន្ត្រី។
៥. អគ្គស្នងការនគរបាលជាតិ អគ្គនាយក ឬប្រធានអង្គភាព ត្រូវធ្វើការពិគ្រោះយោបល់ ឬស្នើសុំ ការណែនាំពីរដ្ឋលេខាធិការទទួលបន្ទុក និងត្រូវធ្វើរបាយការណ៍អំពីលទ្ធផលការងារជូនរដ្ឋមន្ត្រីតាមរយៈ រដ្ឋលេខាធិការទទួលបន្ទុកឱ្យបានទៀងទាត់។
៦. ក្នុងករណីចាំបាច់ ឬបន្ទាន់ អគ្គស្នងការនគរបាលជាតិ អគ្គនាយក ឬប្រធានអង្គភាព អាចធ្វើការ ស្នើសុំការសម្រេច ឬការណែនាំពីរដ្ឋមន្ត្រីដោយផ្ទាល់បាន។ ក្នុងករណីនេះ អគ្គស្នងការនគរបាលជាតិ អគ្គនាយក ឬប្រធានអង្គភាពនោះ ត្រូវរាយការណ៍ពីបញ្ហានេះជូនរដ្ឋលេខាធិការទទួលបន្ទុកឱ្យបានជ្រាប។
៧. អគ្គស្នងការនគរបាលជាតិ អគ្គនាយក ឬប្រធានអង្គភាពនីមួយៗត្រូវធ្វើការដឹកនាំ និងគ្រប់គ្រង អង្គភាពទាំងឡាយដែលស្ថិតក្រោមឱវាទរបស់ខ្លួន ដើម្បីឱ្យអង្គភាពចំណុះទាំងនោះបំពេញការងារប្រកប ដោយតម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងមានការទទួលខុសត្រូវ
៨. អគ្គស្នងការនគរបាលជាតិ អគ្គនាយក ឬប្រធានអង្គភាពនីមួយៗ ត្រូវដឹកនាំកិច្ចប្រជុំផ្ទៃក្នុងឱ្យ បានទៀងទាត់តាមពេលវេលាសមស្របដើម្បីពិនិត្យបូកសរុបលទ្ធផល បញ្ហាប្រឈម និងលើកទិសដៅការងារ លើវិស័យដែលខ្លួនទទួលបន្ទុក ហើយធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីតាមរយៈរដ្ឋលេខាធិការទទួលបន្ទុក។ ទទួលបានសេចក្តីណែនាំនេះ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន
អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ និងប្រធានអង្គភាពទាំងអស់ចំណុះក្រសួងមហាផ្ទៃ ត្រូវអនុវត្តសេចក្តី ណែនាំនេះតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕