អភិបាលខេត្តត្បូងឃ្មុំ នាំយកកូនឈើប្រណិត ១៦០០ដើម ទៅដាំនៅបរិវេណវត្តហោង ក្នុងរមណីយដ្ឋានធម្មជាតិល្អាងទឹកធ្លាក់ហោង ដើម្បីលើកកម្ពស់បរិស្ថាន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បាននាំយកកូនឈើប្រណិត ១៦០០ដើម ទៅដាំនៅបរិវេណវត្តហោង ក្នុងរមណីយដ្ឋានធម្មជាតិល្អាងទឹកធ្លាក់ហោង បារមីលោកយាយទេព ដើម្បីអបអរ (រុក្ខទិវា ០៩កក្កដា) ស្ថិតនៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់។
ក្នុងឱកាសនៃការប្រារព្ធទិវានេះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលស្រុក មេឃុំ សិស្សានុសិស្ស កាយរិទ្ធ យុវជនសសយក និងកាកបាទក្រហម លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៤០០នាក់។
បើតាមលោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានឲ្យមន្ទីរកសិកម្ម រៀបចំកូនឈើប្រណិតចំនួន១៦០០ដើម មាន៦ប្រភេទ រួមមាន៖ ក្រញ៉ូង ធ្នង់ បេង គគីរ ក្ងោក និងឥន្ធនេល ដើម្បីដាំលើផ្ទៃដី ១ហិកតា នៅទីតាំងនេះ ដើម្បីចូលរួម អបអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ ឆ្នាំ២០២៤នេះ។
ក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងថា ការដាំកូនឈើក្នុងពិធីរុក្ខទិវា៩កក្កដានេះ គឺដើម្បីឆ្លុះបញ្ចាំងអោយឃើញនូវការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំយ៉ាងសកម្មនូវគោលនយោបាយដាំ និងថែទាំព្រៃឈើឡើងវិញនៅទូទាំងប្រទេស ហើយបានកំណត់យកបញ្ហាព្រៃឈើជាអាទិភាព ដើម្បីស្តារនិងអភិវឌ្ឍប្រទេសជាតិអោយរីកចំរើន។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍ឲ្យដឹងថា ការជ្រើសរើសទីតាំងនេះ ដោយមានការគិតគូយ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងចូលរួមលើកកម្ពស់ទាំងបរិស្ថាន និងសោភ័ណភាពជុំវិញទីនេះ ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់មួយ សម្រាប់ខេត្តត្បូងឃ្មុំ។
ឯកឧត្តម អភិបាលខេត្ត បន្តថា នៅទីនេះ ពិតជាមានលក្ខណៈអំណោយផលល្អ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានសក្តានុពលរបស់ខេត្ត។ ដូច្នេះសូមមន្ទីរ/អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហកាគ្នា រៀបចំទីនេះឲ្យក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានស្នើគ្រប់មន្ទីរ អង្គភាព ស្ថាប័ន សាលារៀន វត្តអារាម មន្ទីរពេទ្យ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមដាំកូនឈើ ដាំផ្កា អោយបានគ្រប់ដងផ្លូវ ពិសេសទាំងនៅតាមផ្ទះ និងតាមទីសាធារណៈនានា ដើម្បីអោយខេត្តត្បូងឃ្មុំ ក្លាយជាតំបន់ស្អាតដ៏ទាក់ទាញភ្លៀវទេសជាតិ និងអន្តរជាតិ មកលេងកម្សាន្ត។
ស្ថិតក្នុងឱកាសនោះ គណៈអធិបតី និងអ្នកចូលរួម អញ្ជើញទស្សនារមណីយដ្ឋានធម្មជាតិទឹកធ្លាក់ហោង និងអុជធូបសុំសេចក្ដីសុខមានដល់មន្ត្រីរាជការ និងពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ពីបារមីលោកយាយទេពផងដែរ។
ជាមួយគ្នានោះ ក្នុងរដូវពិធីបុណ្យចូលព្រះវស្សានេះ ដោយសទ្ធាជ្រះថ្លា ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តនាំយកទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃនៅទីអារាមនេះផងដែរ៕