អគ្គលេខាធិការរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូអគ្គលេខាធិការរដ្ឋសភាថៃ
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ណាតាគ្រីត វង់ចារឿន (NATTAKRIT VONGJAREAN) អគ្គលេខាធិការរងនៃរដ្ឋសភាថៃ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា។
ដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រតិភូអគ្គលេខាធិការរដ្ឋសភាថៃនាពេលនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ កាន់តែមានការរីកចម្រើនច្រើនឡើងៗ។ បច្ចុប្បន្ននេះ ទំនាក់ទំនងនៃប្រទេសទាំង២ គឺជាទំនាក់ទំនងដែលទទួលបានអត្ថប្រយោជន៍ទាំងសងខាង។
លោក ណាតាគ្រីត វង់ចារឿន អគ្គលេខាធិការរង នៃរដ្ឋសភាថៃ បានជម្រាបពីគោលបំណងមកកាន់រដ្ឋសភាកម្ពុជា នាពេលនេះ គឺដើម្បីសុំការចែករំលែកចំណេះដឹងពីអគ្គលេខាធិការដ្ឋានសភាកម្ពុជា អំពីជំនាញទិន្នន័យ បណ្ណាល័យ ការបណ្តុះបណ្តាលធនធានមនុស្ស បច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្ដូរ E-parliament។
ជាការឆ្លើយតប ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំងសហការី បានចែករំលែកបទពិសោធការងារថ្មីៗមួយចំនួន ជូនដល់ប្រតិភូអគ្គលេខាធិការរដ្ឋសភាថៃ។ ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាកម្ពុជា ក៏បានស្នើសុំការផ្លាស់ប្ដូរចំណេះដឹងទាក់ទងនឹងកិច្ចការព័ត៌មាន នយោបាយ និងរដ្ឋបាល រវាងប្រទេសទាំ២ផងដែរ។
ឯកឧត្តម NATTAKRIT VONGJAREAN បានសម្តែងនូវការអរគុណដល់អគ្គលេខាធិការរដ្ឋសភាកម្ពុជា ដែលបានទទួលស្វាគមន៍ និងចែករំលែកបទពិសោធការងារថ្មីជូនដល់ប្រតិភូអគ្គលេខាធិការរដ្ឋសភាថៃ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានកោតសរសើរមន្ត្រីរដ្ឋសភាកម្ពុជា សុទ្ធតែមានបទពិសោធការងារខ្ពស់៕