វៀតណាម លើកលែងទោស និងដោះលែងពលរដ្ឋខ្មែរ ២នាក់ ដែលបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម ឲ្យវិលត្រឡប់មកកម្ពុជាវិញ
ភ្នំពេញ៖ បន្ទាប់ពីជំនួបរវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់ឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម សុំលើកលែងទោស និងដោះលែងពលរដ្ឋខ្មែរចំនួន ២នាក់ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម ឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។
ដោយផ្អែកលើលទ្ធផលពិភាក្សា ក្នុងជំនួបខាងលើនេះ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងការវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ភាគីវៀតណាមបានយល់ព្រម លើកលែងទោស និងបានដោះលែងប្រជាពលដ្ឋខ្មែរ ២រូប ខាងលើបានបញ្ជូនវិលត្រឡប់មកប្រទេសវិញ នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះហើយតាម ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ប្រទេសកម្ពុជា។
ជាមួយគ្នានេះ មន្រ្តីអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានប្រគល់ពលរដ្ឋខ្មែរទាំងពីរនាក់នោះ ជូនក្រុមគ្រួសារត្រឡប់ទៅលំនៅដ្ឋានវិញហើយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ២រូប ខាងលើត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដែលបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម៕