កម្ពុជា-ឥណ្ឌូនេស៊ី ពិភាក្សាពីការត្រៀមលក្ខណៈ សម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម SANTO Darmosumarto ឯកអគ្គរដ្ឋទូត នៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឡាវនៅពីថ្ងៃទី ២៣ ដល់ ២៧ ខែកក្កដា ឆ្នាំ ២០២៤។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ ៕