ខឹងថៅកែមិនបើកលុយ កម្មករសំណង់ប្រមាណ ៥០នាក់ ផ្ទុះកំហឹងដុតកង់ឡានតវ៉ា ក្បែរស្នងដ្ឋានការនគរបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានឱ្យដឹងថា កម្មករប្រមាណ៥០នាក់ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ារហូតឈានដល់ការដុតកង់រថយន្តបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅក្បែរស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានដែលបាន ឱ្យដឹងថា ក្រុមហ៊ុនខាងលើមានឈ្មោះថា អានតា ខេមបូឌា អ៊ិនវេសមិន មានថៅកែជាជនជាតិចិន មិនបានទូរទាត់ប្រាក់ដល់ខាងមេការ៣ខែមកហើយ ពោលគឺចាប់តាំងពីមុនចូលឆ្នាំខ្មែរមកម៉្លេះ ខណៈម្នាក់ៗគ្មានថវិកាសម្រាប់ចាយវាយ និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឡើយ ទើបពួកសម្រេចចិត្តនាំគ្នាប្រមូលផ្តុំមកតវ៉ាស្ថិតនៅតាមបណ្តោយផ្លូវឯករាជ្យ ក្បែរស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការដុតកង់រថយន្ត បង្កជាផ្សែងហ៊ុយពាស់ពេញមេឃ។
សូមជម្រាបថា នេះមិនមែនជាលើកទី១ឡើយ ខណៈកន្លងមកពួកកម្មករទាំងអស់នេះ បានធ្វើការតវ៉ាម្ដងរួចមកហើយ ប៉ុន្តែអាជ្ញាធរហាក់គ្មានចំណាត់ និងមានដំណោះស្រាយជូនកម្មករខ្មែរទាំងនោះឡើយ។ ទោះជាយ៉ាងណា កម្មករខាងលើបានទទួចស្នើសុំដល់ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុថ្មី មេត្តាមានវិធានការចំពោះបញ្ហានេះផង៕