នាយឧត្តមសេនីយ៍ ស ថេត ព្រមានដកតំណែងមន្ដ្រីនគរបាលរូបណា ដែលប្រមូលផ្ដុំគ្នាជាបក្ខពួក ដើម្បីបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះនគរបាលដទៃ ក្នុងន័យចង់បានតំណែងដែលគេកំពុងកាន់កាប់
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានព្រមានធ្ងន់ៗ និងឈានដល់ដកតំណែងមន្ដ្រីនគរបាលរូបណា ដែលប្រមូលផ្ដុំគ្នាជាបក្ខពួក ដើម្បីបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះនគរបាលដទៃ ក្នុងន័យចង់បានតំណែងដែលគេកំពុងកាន់កាប់ដើម្បីយកមកគ្រប់គ្រងខ្លួនឯងវិញ។
នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា មន្ដ្រីនគរបាលខិតខូចដែលចង់បានតំណែងគេ ហើយប្រឌិតព័ត៌មានបង្កាច់បង្ខូច នឹងត្រូវដកតំណែងមុនគេតែម្ដង។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កន្លងទៅពិតជាមានករណីនេះកើតឡើងមែន ដោយបុគ្គលមន្ដ្រីនគរបាលនោះប្រមូលផ្ដុំបែងចែកបក្ខពួក ហើយប្រឌិតព័ត៌មានទៅខាងក្រៅដើម្បីវាយប្រហារគេព្រោះតែតំណែង។
នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា ការធ្វើរបៀបនេះជារឿងមិនត្រឹមត្រូវទាល់តែសោះ ហើយក៏ជារឿងដែលមិនគួរឲ្យកើតមាននោះដែរ។ ផ្ទុយទៅវិញ មន្ដ្រីនគរបាលគ្រប់រូបត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ និងបំពេញការងារតាមតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ លើសពីនេះ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ន៕