រយៈពេលមួយសប្តាហ៍ពេញ ក្រសួងមុខងារសាធារណៈ បានជួបប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន ដោយឡែកៗ ចំនួន៨ លើការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន
ភ្នំពេញ៖ កិច្ចប្រជុំជាបន្តបន្ទាប់ចំនួន៨ ត្រូវបានរៀបចំឡើង ដោយមានឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដឹកនាំសម្របសម្រួល។ កិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍វឌ្ឍនភាព និងការបំពេញតារាងឧបសម្ព័ន្ធស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជាមួយក្រសួង ស្ថាប័ន ទាំង៨ ធ្វើឡើងក្រោយពេលដែលក្រសួងស្ថាប័ន បានផ្តល់របាយការណ៍ មកកាន់ក្រសួងមុខងារសាធារណៈ។ ក្នុងន័យនេះ កិច្ចប្រជុំទាំងអស់នេះ ជាការពិភាក្សាគ្នា លើលទ្ធផលបឋមនៃការវិភាគមុខងារ ហើយពិគ្រោះបន្ថែមលើការបន្តការងារឆ្ពោះទៅមុខ ដើម្បីសម្រេចបានរបាយការណ៍ចុងក្រោយមួយដាក់ជូនថ្នាក់ដឹកនាំ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំ តែងតែមានប្រសាសន៍ថា ការធ្វើវិភាគមុខងារ ទោះបីជាមិនមែនជារឿងថ្មី តែជាសកម្មភាពនៃការអនុវត្តថ្មី បទពិសោធន៍ថ្មី ជួបប្រទះការប្រឈមថ្មីៗ ដែលទាមទារឱ្យមានការចូលរួមសហការស្អិតរមួតពីបណ្តាក្រសួង ស្ថាប័នទាំងអស់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ថែមដែរថា ការងារនេះ ជាការចូលរួមសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីធានាបានប្រព័ន្ធរដ្ឋបានដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ ក៏ដូចជាស្របតាមអភិក្រមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងការ «រៀបចំផ្ទះរបស់យើងឱ្យបានស្អាត និងមានរបៀបរៀបរយ»។
ទោះបីជាមានការវិភាគយ៉ាងនេះក្តី តែការងារវិភាគមុខងារត្រូវឈរលើស្មារតីធានានិរន្តរភាពការងារ នៃក្រសួងស្ថាប័ននីមួយៗ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ថែម។
សូមជម្រាបថា កិច្ចប្រជុំដែលបានប្រពឹត្តទៅរយៈពេលមួយសប្តាហ៍ បានចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននីមួយៗ គឺត្រូវបានរៀបចំដាច់ដោយឡែកៗពីគ្នាទៅតាមតារាងពេលវេលានៃកាលបរិច្ឆេទ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ក្រុមការងារទទួលបន្ទុកផែននីមួយៗនៃការងារវិភាគមុខងាររបស់ក្រសួងមុខងារសាធារណៈ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលរបាយការណ៍វឌ្ឍនភាពការងារដែលក្រសួង ស្ថាប័ននីមួយៗ បានផ្តល់មកក្រសួងមុខងារសាធារណៈ ក្នុងគោលដៅពិភាក្សាពិគ្រោះយោបល់ ក៏ដូចជាចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក ហើយសិក្សាពីស្ថានភាពជាក់ស្តែង តម្រូវការ ការប្រឈម និងទិសដៅការងារឆ្ពោះទៅមុខ នៅក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពគន្លឹះ មានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕