ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ណែនាំដល់មន្រ្តីសុខាភិបាលនៅខេត្តរតនគិរីគ្រប់លំដាប់ថ្នាក់ ត្រូវមានស្មារតីរួបរួម និងសាមគ្គីគ្នា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល ឯកឧត្តម ញ៉ែម សំអឿង អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល មណ្ឌលសុខភាពស្រែអង្រ្គង មណ្ឌលសុខភាពបានលុង និងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តរតនគិរី។
ឆ្លៀតក្នុងឱកាសពិធីសំណេះសំណាល ជួបជាមួយមន្រ្តីសុខាភិបាល រួមទាំងថ្នាក់ដឹកនាំគ្រប់កម្រឹត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនអនុសាសន៍សំខាន់ៗដែលជាចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការអនុវត្តការងារឱ្យកាន់តែប្រសើរឡើង និងបានគូសរំលេច ចំណុចសំខាន់ចំនួន ៩ចំណុច ដូចខាងក្រោម៖
១- បង្កើនសកម្មភាពអប់រំសុខភាពជូនពលរដ្ឋ ដើម្បីលើកកម្ពស់សុខមាភាពអោយកាន់តែប្រសើរឡើង។
២-បន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង ក្នុងនោះត្រូវលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ជំងឺរបេងនៅឆ្នាំ២០៣០ និងជំងឺអេដស៍។
៣-ត្រៀមទប់ស្កាត់នឹងការរីករាលដាលជំងឺឆ្លងសកល ដែលអាចកើតមានជាយថាហេតុ។
៤-ប្រយុទ្ធនឹងជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺមហារីក ជំងឺបេះដូង។
៥-ប្រយុទ្ធនឹងផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
៦-ធ្វើឱ្យកាន់តែប្រសើរឡើងការពិនិត្យព្យាបាលទូលំទូលាយនៅក្នុងសហគមន៍ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើងកម្មវិធីគាំពារសង្គម ដូចជា ប.ស.ស មូលនិធិសមធម៌។
៧-លើកកម្ពស់គុណភាពសេវាថែទាំសុខភាព ទាំងសេវាសាធារណៈ និងការធ្វើនិយ័តកម្មសេវាឯកជន ដើម្បីឱ្យក្លាយជាដៃគូរបស់សេវាសាធារណៈ។
៨-អភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាលជាបន្តបន្ទាប់ ដើម្បីអោយអ្នកជំនាញបានមកដល់មូលដ្ឋាន ពោលគឺបង្ខិតសេវាឱ្យកាន់តែគៀកប្រជាពលរដ្ឋ។
៩-អភិវឌ្ឍន៍សុខាភិបាលឌីជីថល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងនូវការអរគុណ វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តរតនគិរី និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
បន្ទាប់ពីចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលនៅខេត្តរតនគិរី នាពេលយប់ថ្ងៃដដែល នៅតាមផ្លូវឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យស្ថានភាពសុខាភិបាល និងសួរទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលកំពុងបម្រើការងារនៅមណ្ឌលសុខភាពពូជ្រៃ ខេត្តមណ្ឌលគិរី៕