ឯកឧត្ដម សរ សុពុត្រា ជួបអគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែង ពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តជាប់ព្រំដែន ឲ្យកាន់តែរឹងមាំបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបសវនការជាមួយឯកឧត្តម កែវ វង្សសៃ អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំខេត្តស្ទឹងត្រែង និងប្រតិភូ ។
បើតាមឯកឧត្ដម សរ សុពុត្រា បញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន HOT News Asia បានឲ្យដឹងថា ក្នុងជំនួបនោះភាគីទាំងពីរ បានពិភាក្សាពីរឹតបន្តឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ ក្នុងឋានៈជាអ្នកភូមិផងរបងជាប់គ្នា ជាពិសេសធ្វើយ៉ាងណាឲ្យប្រសើរឡើង ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ព្រំដែនប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។
តាមរយៈជំនួបនោះដែរ ភាគីទាំងពីរក៏ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស និងគ្រឿងញៀន ផលិតផលហួសសុពលភាព ដូចជាចំណីអាហារ ថ្នាំពេទ្យជាដើម ។
ជាមួយគ្នានោះភាគីទាំងពីរ ក៏បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ៕