ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ជូនបេក្ខជនចំនួន ៣,៨៩៧នាក់
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញក្នុងពិធីកាត់វិញ្ញាសានៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា វេនទី៥។
ពិធីនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។
ការប្រឡងប្រជែងនារសៀលនេះ មានការបែងចែកចេញជា ២វេន និង ២មណ្ឌល(សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ៖ វេនទី៥ មានការចូលរួមពីបេក្ខជនមកពីខេត្តកំពង់ចាម និងខេត្តក្រចេះ ចំនួន ៣,៨៩៧នាក់ (ស្រី ២,៩៤៨នាក់) ដោយប្រើប្រាស់ ៩៧បន្ទប់ ៕