មន្រ្តីជំនាញសាខា ក ប.ប. ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន
ភ្នំពេញ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក ប.ប.) ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន សរុបចំនួន ១០៤៥នាក់ ដែលស្ថិតនៅក្នុងសាលា អន្តរទ្វីបអាមេរិកាំង AIS និងវិទ្យាល័យត្រពាំងឬស្សី ក្រោមការសហការដោយថ្នាក់ដឹកនាំសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon School (AIS) នៃខេត្តតាកែវ និងវិទ្យាល័យត្រពាំងឬស្សី នៃខេត្តត្បូងឃ្មុំ។
វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានក្នុងនាមជាអ្នកប្រើប្រាស់ សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។
ក្នុងឱកាសនោះ មន្ត្រីជំនាញនៃសាខា ក.ប.ប. បានចែកជូនផ្ទាំងរូបភាពស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ៣៩០សន្លឹក ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ៕