ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ ប្រធានក្រុមការងារ និងនិស្សិត អ.ម.ត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ ប្រធានក្រុមការងារ និងនិស្សិត អ.ម.ត ដែលបានចូលរួមក្នុងកិច្ចការថ្នាលទិន្នន័យឌីជីថលរបស់សមាគម អ.ម.ត។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមអនុប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ និងថ្លែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ចំពោះកិច្ចខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយ ចិត្ត ពេលវេលា និងស្មារតីទទួលខុសត្រូវខ្ពស់ របស់និស្សិត អ.ម.ត ចូលរួមក្នុងកិច្ចការថ្នាលទិន្នន័យឌីជីថលរបស់សមាគម អ.ម.ត។
សូមគូសបញ្ជាក់ផងដែរថា ប្រព័ន្ធការងារតាមបែបឌីជីថលរបស់សមាគម ជាថ្នាលក្នុងការរក្សាទុកទិន្នន័យ និងសម្រាប់ទំនាក់ទំនងការងាររបស់សមាគម, ក្រុមការងារគ្រប់គ្រងនិស្សិត, និងនិស្សិត អ.ម.ត ផ្ទាល់ សំដៅសម្រួលដល់ការអនុវត្តការងារ ការផ្តល់ព័ត៌មានរវាងគ្នា និងគ្នា ៕