អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលីបើកការដ្ឋានជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលីបើកការដ្ឋានជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងពិធីប្រុងពលីបើកការដ្ឋានជួសជុល មានការអញ្ជើញក្រោមអធិបតីភាពឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងឯកឧត្ដម Lu Qizhi អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប ប្រតិភូនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ ប្រធាននាយកដ្ឋាន អនុប្រធាន អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងមន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។
ឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ស្ថានភាពស្ពានហាលខាងកើតនេះ បានខូចខាតស្ទើរទាំងស្រុង ដោយសារកត្តាមនុស្ស អាយុកាល ធម្មជាតិ។ ជញ្ជាំងស្ពានស្រុត ប្រេះហែក ទ្រេត និងរលុះធ្លាក់មួយចំនួន ចំណែកឯ បង្កាន់ដៃនាគរលំដួលទាំងស្រុង ថ្មបែកបាក់ជាច្រើនកំណាត់ កម្រាលស្ពានស្រុត ហែកចេញជាច្រើនផ្នែក ថ្មប្រេះបែក និងពុកផុយ ហើយសសរមូលទ្របង្កាន់ដៃនាគក៏ដួលរលំស្ទើរទាំងស្រុងដែរ។
ឯកឧត្ដមបានបន្តទៀតថា គម្រោងជួសជុលស្ពានហាលខាងកើតដែលជាច្រកចូលសំខាន់របស់ប្រាសាទនេះ មានទទឹង១៣ម៉ែត្រ បណ្តោយរួមទាំងរចនាសម្ពន្ធស្ពានហាលប្រវែង១០០ម៉ែត្រ។ ការងារសិក្សាស្រាវជ្រាវបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤ ហើយការងារជួសជុលគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
ឯកឧត្ដម Lu Qizhi បានមានប្រសាសន៍ថា ប្រាសាទបេងមាលា គឺជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរដែលបង្ហាញយ៉ាងពេញលេញអំពីប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា និងបេតិកភណ្ឌវប្បធម៌ដ៏ជ្រាលជ្រៅ។ ការអនុវត្តគម្រោង អភិរក្ស និងការជួសជុលក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងមិនត្រឹមតែលើកកម្ពស់ការបង្ហាញ និងការប្រើប្រាស់ទីតាំងប្រាសាទបេងមាលាប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងផ្តល់នូវបទពិសោធន៍និងឯកសារយោងសំខាន់ៗសម្រាប់ការការពារបេតិកភណ្ឌវប្បធម៍ដ៏មានតម្លៃជាច្រើនរបស់កម្ពុជា។
ឆ្នាំនេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជនរវាងប្រទេសចិននិងកម្ពុជាដែលបានកំណត់ រួមគ្នាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ទាំងប្រទេសចិន និងកម្ពុជាមានប្រវត្តិសាស្ត្រដ៏យូរលង់ និងវប្បធម៌ដ៏វិសេសវិសាល ភាពបើកចំហ ការរួមបញ្ចូលនិងការរៀនសូត្រគ្នាទៅវិញទៅមក គឺជាកម្លាំងជំរុញសម្រាប់ការរីកចម្រើននៃអរិយធម៌ ៕