ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៧វត្ត ក្នុងឃុំទាំង៩ នៃស្រុកទឹកផុស
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ព្រមទាំងលោកជំទាវ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៧វត្ត ក្នុងឃុំទាំង៩ នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីប្រគេនទៀនវស្សា និងទេយ្យវត្ថុរួចម ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជេីធ្វេីការសំណេះសំណាលសាកសួសុខទុក្ខ ព្រមទាំងបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសមិទ្ធផលដែលមានស្រាប់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងខិតខំកសាងសមិទ្ធផលថ្មីៗថែមទៀត ព្រមទាំងបានរំលឹកឱ្យមានការទូងស្គរ វាយប៉ោត បាញ់កាំជ្រូច ដើម្បីអបអរសាទរថ្ងៃប្រវត្តិសាស្រ្ដនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
បន្ទាប់ពីបានប្រារព្ធពិធីរួច ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យគុណភាពផ្លូវល្បាយក្រួសក្រហម ១ខ្សែ ប្រវែង ១,៧០គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលកុំពុងធ្វេីការស្ថាបនា ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី (stabilizer) ស្ថិតនៅភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ៕