នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យតាមដានរឿងមេប៉េអឹមខេត្តក្រចេះ ដែលរងការចោទប្រកាន់ថា បានទទួលលុយ ៧០០ដុល្លារពីឈ្មួញឈើ
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា រយៈពេល២ថ្ងៃកន្លងមកនេះ កងរាជអាវុធហត្ថ បានឃើញព័ត៌មានផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គមថា លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានយកលុយ៧០០ដុល្លារជាថ្នូរមិនត្រួតពិនិត្យទៅលើរថយន្តដឹកឈើ។ ក្នុងខ្លឹមសារអត្ថបទនោះ ក៏បានបញ្ជាក់អំពីការឆ្លើយតបរបស់លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង ផងដែរ។
ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ត្រីិ អេង ហុី បានឲ្យដឹងថា កងរាជអាវុធហត្ថ បាននិងកំពុងតាមដាន ត្រួតពិនិត្យ ព្រមទាំងរងចាំទទួលការបំភ្លឺពីគ្រប់ភាគីទាំងអស់ អំពីករណីខាងលើនេះ ៕